តើ​អ្វី​ទៅជា​បទ​បរិហារកេរ្តិ៍​?

08/13/2016

តើអ្វីទៅជាបទបរិហារកេរ្តិ៍?    
បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសអ្នកដទៃ។

    ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការបរិហារកេរ្តិ៍ នោះធ្វើជាសាធារណៈ។  មានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែងសាធារណៈ ឬតាមមធ្យោ បាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះត្រូវបានឮឬឃើញសុះសាយជាសាធារណៈ ដូចជាតាម កាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។ ពាក្យបរិហារកេរ្តិ៍នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទា ទោសទេ។ ហេតុដូច្នេះហើយបានជាច្បាប់ខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិនបទ បរិហារកេរ្តិ៍ជាឯកជនទេ។
តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម តែមិនមានទោសពន្ធនាគារទេ។  អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះគ្រាន់តែត្រូវពិន័យជាប្រាក់ ពី មួយសែន រៀលទៅដប់លានរៀល និងត្រូវសងសំណងខូចខាតដល់ជនដែលត្រូវបរិហារកេរ្តិ៍ប៉ុណ្ណោះ។  មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែងថា៖
គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬនៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។
ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល បទបរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖

១.    តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
២.    តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជនឬដាក់តាំងឲ្យសាធារណជនមើល។
៣.    តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារជន។

តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?

ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ ក្នុងការសរសេរ។  បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។
ដូច្នេះ ពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖

១.    ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២    ការនិយាយឬការសរសេរនោះជាការពិត
៣.    ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។

តើអ្វីទៅដែលហៅថា”សុទ្ធចិត្ត”?

សុទ្ធចិត្ត តាមភាសាសាមញ្ញ គឺជាអ្វីដែលធ្វើឡើងដោយស្មោះសរគ្មានបង្កប់នូវគំនិតទុច្ចរិត។  ក្នុងន័យនៃច្បាប់បរិហារកេរ្តិ៍ សុទ្ធចិត្តមានន័យជាមូលដ្ឋានថាជនដែលត្រូវចោទថាបរិហារកេរ្តិ៍គេនោះ បានបន្លឺពាក្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមនុស្សម្នាក់ទៀត ដោយសារគាត់ចង់ឲ្យអ្នកដទៃទៀតដឹងពី រឿងអ្វីមួយ តែគាត់មិននឹកស្មានថាពាក្យដែលបន្លឺនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស មនុស្សម្នាក់ទៀត ឬ គាត់គ្មានចេតនាចង់បំផ្លាញមនុស្សនោះទេ។
ច្បាប់ខ្មែរយើងមិនបានកំណត់ថាកត្តាអ្វីខ្លះដែលហៅថាសុទ្ធចិត្តនោះទេ ។ ប៉ុន្តែ តុលាការបារាំង បានកំណត់កត្តាបួនយ៉ាងដែលអាចយកមកពិចារណាថា តើពាក្យសំដីមួយជាពាក្យដែលបន្លឺឡើង ដោយសុទ្ធចិត្ត ឬ អសុទ្ធចិត្ត មានន័យថាចង់បំផ្លាញគេឬយ៉ាងណា។ កត្តាទាំងបួនយ៉ាងនោះគឺ៖
១.    ជនដែលជាប់ចោទពីបទបរិហារកេរ្តិ៍ គ្មានភាពជាសត្រូវជាមួយនឹងមនុស្សត្រូវរងការបរិហារកេរ្តិ៍។ នេះមានន័យថា ជនជាប់ចោទមិនមែននិយាយបរិហារកេរ្តិ៍មនុស្សម្នាក់ទៀតដោយសារតែខ្លួន ស្អប់គាត់ ឬមានគំនុំជាមួយគាត់ពីមុនមនោះទេ។
២    ពាក្យសំដីដែលជនជាប់ចោទនិយាយ ឬសរសេរនោះធ្វើឡើងក្នុងគោលដៅសមស្រប ដូចជាក្នុងគោលដៅចង់ឲ្យសាធារណជនចាប់អារម្មណ៍នឹងបញ្ហាអ្វីមួយដែល សំខាន់ ដល់សុខុមាលភាពរបស់សហគមន៍ ឬ សង្គម ឬ ប្រទេស។
៣.    ពាក្យសំដីដែលជនជាប់ចោទបាននិយាយ ឬសរសេរនោះត្រូវបានគាត់អង្កេតម៉ត់ចត់ ជាមួយប្រភព ឬឯកសារនានា គឺមិនមែននិយាយ ឬសរសេរតាមការនឹកស្រម័យ របស់ ខ្លួននោះឡើយ។ ឧទាហរណ៍ អ្នកកាសែតមុននឹងសរសេរអត្ថបទមួយ គាត់បាន ព្យាយាមរកប្រភពមួយចំនួនដើម្បីបញ្ជាក់លើព័ត៌មានរបស់គាត់។ ការពិត ទោះបីគេព្យាយាមរកប្រភពបានច្រើនមកបញ្ជាក់យ៉ាងណាក្តី ពេលខ្លះ ព័ត៌មានដែលផ្សាយនោះនៅតែមិនពិតហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អ្នកដទៃ។ ទោះជាយ៉ាងណាក្តី ក្នុងករណីបែបនេះ អ្នកកាសែតនោះនៅទទួលបានទទួលគុណប្រយោជន៍ពីកត្តាមួយ នៃបណ្តាកត្តាសុទ្ធចិត្តដែរ។
៤.    ពាក្យសំដីដែលជនជាប់ចោទបាននិយាយឬសរសេរនោះមានតុល្យភាពឬមានការ ថ្លឹងថ្លែង។ នេះមានន័យថា គាត់មិនមើលតែមួយជ្រុងនៃព័ត៌មានទេ គាត់ត្រូវបង្ហាញគ្រប់ជ្រុងជ្រោយនៃព័ត៌មាន។ ឧទាហរណ៏ អ្នកកាសែតដែលរាយការណ៏ពីអំពើពុករលួយនៃមន្ត្រីរាជការណាម្នាក់ ត្រូវបង្ហាញពីព័ត៌មានដែលផ្តល់ឲ្យដោយមន្ត្រីនោះដែរដើម្បីឲ្យគាត់ មានឳកាសបំភ្លឺពីករណីរបស់គាត់ដែរ។ ម្យ៉ាងវិញទៀត ការប្រើសំដីត្រូវឲ្យល្មម គឺមិនត្រូវហក់ចូលក្នុងការសន្និដ្ឋានថាអ្នកនេះជាឧក្រិដ្ឋជន ឬ ជាជនក្បត់ជាតិនោះទេ។

តើពាក្យពិតជាបទបរិហារកេរ្តិ៍ដែរឬទេ?

ជាចំណុចគោល អ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃជាការបរិហារកេរ្តិ៍។ តែច្បាប់អនុគ្រោះដល់អ្នកនិយាយការពិត ទោះបីពាក្យដែលបន្លឺឡើងនោះធ្វើឲ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃក៏ដោយ ។ មានន័យថាច្បាប់មិនផ្តន្ទាទោសអ្នកដែលនិយាយឬសរសេរការពិតនោះទេ។

តើការនិយាយឬសរសេរសំដែងមតិជាបទបរិហារកេរ្តិ៍ដែលត្រូវផ្តន្ទាទោសដែរឬទេ?

រដ្ឋធម្មនុញ្ញខ្មែរ មាត្រា ៤១ ធានាសេរីភាពក្នុងការសំដែងមតិ។ ដូច្នេះ ច្បាប់ក៏មិនដាក់ទោសចំពោះការថ្លែងមតិដែរ។ បើក្រឡេកមើលមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ អំពីបទបរិហារកេរ្តិ៍សាធារណៈ មាត្រានេះផ្តន្ទាទោសតែការថ្លែងពី ”អំពើ” គឺអ្វីដែលបានធ្វើ ឬព្រឹត្តិការណ៏ណាមួយដែលបានកើតឡើង តែមិនបានផ្តន្ទាទោសការថ្លែងមតិទេ។

មានសំណួរចោទសួរថាអ្វីជា “អំពើ”  អ្វីជា ”មតិ”?

អំពើកើតឡើងដោយមនុស្សធ្វើ និយាយរួមគឺជាព្រឹត្តិការណ៏កើតឡើងដោយស្នាដៃអ្នកណាមួយ(យើងមិន និយាយពីបាតុភូតធម្មជាតិ នៅ ទីនេះទេ)។ ដូច្នេះ ព្រឹត្តិការណ៏ជាអ្វីដែលយើងអាចផ្ទៀងផ្ទាត់បានថា វាពិតជាបានកើតឡើងមែន ឬពិតជាមិនបានកើតឡើងទេ។  មតិមិនមែនជាព្រឹត្តិការណ៏ទេ។ មតិជាការយល់ឃើញរបស់មនុស្សម្នាក់លើបញ្ហាណាមួយឬលើព្រឹត្តិការណ៍ ណាមួយ។ ដូច្នេះ គេមិនអាចថាមតិមួយពិតឬមិនពិតទេ តែគេអាចនិយាយថា “មតិរបស់លោកអាចទទួលយកបាន ឬមិនអាចទទួលយកបាន” “មតិរបស់លោកសមរម្យដែរ” ឬ “មតិរបស់លោកមិនសមរម្យទេ”។
ឧទាហរណ៍នៃ ”អំពើ” ៖ កាលពីខែមិនាព្រះរាជអាជ្ញានៃតុលាការខេត្តព្រះសីហនុបានទៅអនុវត្តសាលក្រមបណ្តេញអ្នកភូមិទឹកផុស។
ឧទាហរណ៍នៃ “មតិ” ៖ ការបណ្តេញអ្នកភូមិទឹកផុសចេញពីភូមិជាការមិនសមរម្យ ព្រោះគាត់បានរស់នៅលើទឹកដីនេះយូរហើយ។

អំពើ

៖ គេអាចផ្ទៀងផ្ទាត់បានថាការបណ្តេញចេញបានកើតឡើងពិតមែននៅទឹកផុស ព្រោះគេអាចមើលតាមរបាយការណ៍សារពត៌មាន ឬចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង។

មតិ

៖ នេះជាមតិរបស់មនុស្សម្នាក់ ថាការបណ្តេញចេញនេះមិនសមរម្យ។ មនុស្សខ្លះថាមិនសមរម្យបើគិតទៅតាមការកាន់កាប់ដីយូរមកហើយ រីឯមនុស្សខ្លះទៀតថាសមរម្យ បើយោងទៅតាមការសំរេចរបស់សាលក្រមតុលាការ។ មនុស្សពីរនាក់អាចមើលរឿងតែមួយតែឃើញខុសគ្នា ទៅតាមការយល់ឃើញរបស់ខ្លួន។

តើអ្នកណាខ្លះដែលអាចដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍បាន?

អ្នកដែលអាចប្តឹងមនុស្សម្នាក់ទៀតពីបទបរិហារកេរ្តិ៍បាន លុះត្រាតែជននោះយល់ឃើញថា កតិ្តយសរបស់ខ្លួនត្រូវបានប៉ះពាល់។ ថ្វីបើបទបរិហារករ្តិ៍ ស្ថិតក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ព្រះរាជអាជ្ញាមិនអាចផ្តើមបណ្តឹងនេះដោយឯកឯងបានទេ។ កងនគរបាលក៏មិនអាចប្តឹងអ្នកណាម្នាក់ពីបទបរិហារកេរ្តិ៍ ជំនួសឲ្យជនរងគ្រោះពីបទបរិហារកេរ្តិ៍បានដែរ។ បណ្តឹងត្រូវតែចេញផ្ទាល់ពីជនរងគ្រោះ។


តើពេលណាកិត្តិយសរបស់អ្នកណាម្នាក់ត្រូវបានប៉ះពាល់?

កិត្តិយសត្រូវបានប៉ះពាល់នៅពេល ពាក្យសំដីដែលប្រើនោះធ្វើឲ្យជនរងគ្រោះនោះ ចុះថយ ឬបាត់បង់ការរាប់អានពីសង្គម បាត់បង់ឳកាសការងារ ឳកាសសេដ្ឋកិច្ច។ល។ ឧទាហរណ៍ ការនិយាយថាហាងទំនិញមួយលក់របស់ក្លែងក្លាយ ធ្វើឲ្យម្ចាស់ហាងនោះបាត់បង់នូវអតិថិជនរបស់គេ។ ការនិយាយថាអ្នកណាម្នាក់ជាឧក្រិដ្ឋជន ជាមនុស្សពុករលួយ ធ្វើឲ្យជននោះបាត់បង់ការរាប់អានពីអ្នកដទៃ ធ្វើឲ្យសង្គមស្អប់ខ្ពើម ឬបាត់បង់ការងារ។
Advertisements

About sotheara

Name: SOTHEARA YOEURNG. Degrees: LL.M/M.C.L, Delhi University, New Delhi, India (2014) LL.B, University of Cambodia (UC) Working Experiences - Currently: Teaching Laws at various private universities in Cambodia
This entry was posted in Criminal Law and Procedure, Laws. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s